ភ្នំពេញៈ ក្រុមហ៊ុនផលិតស្រា បៀរ Cambodia Brewery
Limited (CBL)
កាលពីថ្ងៃម្សិលមិញបានដំណើរការចង្វាក់ផលិតកម្មស្រាបៀរ Heineken
លើកដំបូងនៅកម្ពុជា
ដែលស្ថិតក្រោមផែនការពង្រីកចង្វាក់ផលិតកម្មទីពីរ
១០០លានដុល្លារ។
ការពង្រីកចង្វាក់ផលិតកម្មនេះ
នឹងធ្វើឲ្យក្រុមហ៊ុនអាចបង្កើនសមត្ថភាពផលិតស្រាបៀរទាំងអស់របស់
ខ្លួនរហូតដល់បីដងច្រើនជាងមុន។
CBL
បានបើកដំណើរការផលិតស្រាបៀរម៉ាកល្បីៗជាច្រើននៅកម្ពុជាតាំងពី
ឆ្នាំ ១៩៩៦ ក្នុងទឹកប្រាក់វិនិយោគ ៥៦លានដុល្លារ
ដែលជាការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក វឌ្ឍនៈ គ្រុប
និងក្រុមហ៊ុនផលិតស្រាបៀរអាស៊ីប៉ាស៊ីហ្វិក (APB)
ដែលបច្ចុប្បន្នផ្តូរឈ្មោះទៅជា Heineken Asia Pacific។
លោក Frans Eusman ប្រធានក្រុមហ៊ុន Heineken Asia Pacific
បានលើកឡើង កាលពីម្សិលមិញថា
តម្រូវការស្រាបៀរនឹងបន្តកើនឡើងនៅកម្ពុជាស្របតាមការកើនឡើង
សេដ្ឋកិច្ច និងបែបបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបន្តថា ខ្សែចង្វាក់ផលិតកម្មថ្មីនេះបានជួយឲ្យ CBL
ពង្រីកកត្តាផលិតកម្មរបស់ខ្លួនដោយអាចផ្គត់ផ្គង់ស្រាបៀរពី ៨០
លានលីត្រ ទៅ ៣០០ លានលីត្រក្នុងមួយឆ្នាំ ឬពី ២៧ ០០០
កេសក្នុងមួយថ្ងៃ ទៅ១០ ម៉ឺនកេសក្នុងមួយថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន CBL
បានបន្ថែមការផលិតស្រាបៀរប្រភេទថ្មី គឺស្រាបៀរHeineken
ដែលជាស្រាបៀរលំដាប់អន្តរជាតិទៀតផង។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ក្រុមហ៊ុន CBL
បានទទួលនូវការអនុញ្ញាតពីក្រុមហ៊ុន Heineken ក្នុងការផលិតស្រាបៀរ
Heineken ដ៏ល្បីល្បាញរបស់ពិភពលោកនៅកម្ពុជា
ដែលនេះជាសក្ខីភាពមួយបង្ហាញថាកម្ពុជាជាមជ្ឈរមណ្ឌលផលិតស្រាបៀរដែល
មានគុណភាពកម្រិតខ្ពស់បំផុតលំដាប់ពិភពលោក»។
បច្ចុប្បន្នក្រុមហ៊ុន CBL បានផលិតស្រាបៀរដែលមានស្រាប់របស់ខ្លួន
ស្រាបៀរ Tiger ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor និងស្រាបៀរ
Gold Crown ហើយ Heineken ជាចង្វាក់ផលិតកម្មថ្មីមួយរបស់ខ្លួន។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម
បានឲ្យដឹង កាលពីម្សិលមិញថា នៅពេលនេះក្រុមហ៊ុន CBL
នឹងផលិតស្រាបៀរ Heineken ផ្ដាច់មុខសម្រាប់ទីផ្សារកម្ពុជា
ដែលជាសញ្ញាល្អសម្រាប់ឧស្សាហកម្មផលិតស្រាបៀរកម្ពុជា
ដែលងាកទៅរកផលិតផលមានគុណភាពកាន់តែខ្លាំង។
លោកលើកឡើងថា៖ «នឹងលែងមានការនាំចូលស្រាបៀរ Heineken
មកទីផ្សារក្នុងស្រុកទៀតហើយ
ប៉ុន្តែការផ្គត់ផ្គង់ស្រាបៀរត្រូវបានចែកចាយដោយស្រាបៀរក្នុងស្រុក»
។
លោកបន្ថែមថា ការទទួលបានសិទ្ធិផលិតដូចជា យីហោស្រាបៀរល្បីៗដូចជា ស្រាបៀរ Heineken គឺជាការផ្លាស់ប្តូរដ៏ធំមួយ។
លោកបញ្ជាក់ថា៖ «នេះឆ្លុះបញ្ចាំងថា ការផលិតរបស់ក្រុមហ៊ុន CBL
គោរពតាមស្ដង់ដារអន្តរជាតិដោយមានគុណភាពដូចគ្នានឹងស្រាបៀរ
Heineken ដែលផលិតនៅក្នុងប្រទេសផ្សេងទៀត»។
ក្រុមអ្នកវិភាគ អ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ
និងម្ចាស់ហាងបានបញ្ជាក់ថា
ប្រជាជនកម្ពុជាកំពុងផឹកស្រាបៀរកាន់តែច្រើនឡើងៗ។
និន្នាការនេះកំពុងជំរុញឲ្យក្រុមហ៊ុនផលិតស្រាបៀរត្រូវបង្កើនការ
ផលិតនៅក្នុងប្រទេសកម្ពុជា។
មានក្រុមហ៊ុនផលិតស្រាបៀរធំៗ ៣ នៅក្នុងប្រទេសកម្ពុជារួមទាំងក្រុមហ៊ុន CBL។
ក្រុមហ៊ុនស្រាបៀរ Cambrew
ដែលជាក្រុមហ៊ុនផលិតស្រាបៀរចាស់ជាងគេរបស់កម្ពុជា
បានចាប់ផ្ដើមប្រតិបត្តិការកាលពីឆ្នាំ ១៩៩២។
ក្រុមហ៊ុននេះផលិតស្រាបៀរ អង្គរ ស្រាបៀរ អង្គរ្រដាហ្វ
ស្រាបៀរអង្គរអិចស្រ្ដាស្ដោត ស្រាបៀរបាយ័ន ស្រាបៀរ Black Panther
និងស្រាបៀរ Klang។
ក្រុមហ៊ុន Khmer Beverages ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា
បានឲ្យដឹងកាលពីដើមឆ្នាំនេះថា
ខ្លួនជិតបញ្ចប់ការពង្រីករោងចក្ររបស់ខ្លួនដែលនឹងផលិតស្រាបៀរ
ច្រើនជាងមុន ៣ដង។
លោក Peter Leang ប្រធានក្រុមហ៊ុន Khmer Bevarage
បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមករា ថា ក្រុមហ៊ុនរបស់លោក
បានដាក់ទុនវិនិយោគ ១២០
លានដុល្លារក្នុងការពង្រីករោងចក្រផលិតរបស់ខ្លួន
និងបន្ថែមចង្វាក់ផលិតស្រាបៀរថ្មី។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រខ្សែ
ចង្វាក់ទី ២ របស់ក្រុមហ៊ុន CBL កាលពីម្សិលមិញ
បានជំរុញឲ្យមានការវិនិយោគស្រាបៀរកាន់តែច្រើន
និងឧស្សាហកម្មផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា
ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាជនកម្ពុជា។
យោងតាមការសិក្សាពីទីផ្សារស្រាបៀរអាស៊ីប៉ាស៊ីហ្វិក របស់ Heineken
បានបង្ហាញថា
ទំហំទីផ្សារស្រាបៀរនៅក្នុងប្រទេសកម្ពុជាមានប្រហែល៦,១លាន
ហិកតូលីត្រក្នុងមួយឆ្នាំកាលពីឆ្នាំ២០១៥
ដោយការបរិភោគស្រាបៀររបស់មនុស្សម្នាក់ៗចំនួន
៣៨,៦លីត្រក្នុងមួយឆ្នាំ។
ADS HERE !!!