ភ្នំពេញៈ ដើម្បីផ្ដល់អាជីពដល់ឧស្សាហកម្មម៉ាស្សារបស់កម្ពុជា មជ្ឈមណ្ឌលម៉ាស្សា និងស្ប៉ានឹងតម្រូវឲ្យបុគ្គលិកយ៉ាងហោចណាស់ ៣០ ភាគរយមានការបណ្ដុះបណ្ដាល និងមានការបញ្ជាក់។ នេះតាមសារាចរថ្មីចេញពីក្រសួងទេសចរណ៍។
នេះជាផ្នែកមួយនៃវិធានការក្នុងការកែលម្អការយល់ដឹងរបស់ឧស្សាហកម្មម៉ាស្សាកម្ពុជាដែលមិនមានប្រព័ន្ធទទួលស្គាល់គុណភាពជាផ្លូវការនោះ។
លោក តែន រតនា ប្រធាននាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាលនៅក្រសួងទេសចរណ៍បានប្រាប់ភ្នាក់ងារសារព័ត៌មាន AKP ថា៖ «ប្រជាជនធ្លាប់តែយល់ឃើញតែភាពអវិជ្ជមានពីសេវាកម្មនេះ ហើយទាក់ទងនឹងការរួមភេទ។ សារាចរនេះនឹងផ្លាស់ប្តូរការយល់ឃើញនេះ»។
ក្រុមបណ្ដុះបណ្ដាលដំបូងបានចាប់ផ្ដើមនៅសប្ដាហ៍នេះដោយសហការជាមួយនឹងមជ្ឈមណ្ឌលម៉ាស្សាដែលមានស្រាប់ ហើយនឹងផ្ដោតលើការកែលម្អជំនាញម៉ាស្សាជាមូលដ្ឋាន និងជំនាញបដិសណ្ឋារកិច្ច ដែលការចំណាយជាបន្ទុកម្ចាស់ហាង។
ជាការឆ្លើយតបនឹងការពិតដែលថា មានតែបុគ្គលិក ៣០ ភាគរយប៉ុណ្ណោះនៅពេលនេះតម្រូវឲ្យមានសញ្ញាបត្រមិនមែនបុគ្គលិកទាំងអស់នោះទេ។
លោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថាដំណើរការនេះចាំបាច់ត្រូវធ្វើ «មួយជំហានម្ដងមួយជំហានម្ដង»។ លោកលើកឡើងថា៖ «បើយើងធ្វើ ១០០ ភាគរយ ដូច្នេះយើងត្រូវតែបិទមជ្ឈមណ្ឌលទាំងអស់សិន»។
លោក Jean-Claude Dhuez ជាជនជាតិបារាំងដែលបើកដំណើរការមជ្ឈមណ្ឌលសុខភាពផ្ទាល់ខ្លួននៅទីក្រុងភ្នំពេញ ហើយត្រូវបានគេជ្រើសរើសធ្វើជាអ្នកបណ្ដុះបណ្ដាលដោយក្រសួងបានឲ្យដឹងថា ការផ្តួចផ្ដើមនេះសំដៅកែលម្អវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជាឲ្យស្របនឹងស្ដង់ដារអាស៊ាន។
ប៉ុន្តែលោកបន្ថែមថា នៅខណៈនេះព័ត៌មានលម្អិតរបស់ផែនការនេះហាក់ដូចជា «មិនច្បាស់លាស់» ។ ឧទាហរណ៍ ដូចជាចំនួនពិតប្រាកដនៃពេលវេលាដែលត្រូវចំណាយលើការបណ្ដុះបណ្ដាលដល់អ្នកម៉ាស្សានៅតែមិនច្បាស់លាស់។
អ្នកគ្រប់គ្រងមជ្ឈមណ្ឌលស្ប៉ាមានតម្លៃខ្ពស់មួយរូបនៅខេត្តសៀមរាបដែលបានស្នើសុំមិនប្រាប់ឈ្មោះបានថ្លែងថាការបង្កើត ប្រព័ន្ធទទួលស្គាល់គុណភាពនៅកម្ពុជាបែបនេះនឹងជួយដល់អាជីវកម្មរបស់ខ្លួនអាចសន្សំប្រាក់ពីបុគ្គលិក ២០ នាក់ អ្នកគ្រប់គ្រងរូបនេះបន្តថា ការទទួលបានសញ្ញាបត្រនៅកម្ពុជានឹងមានតម្លៃទាបជាងបញ្ជូនពួកគេទៅថៃ ដើម្បីចូលសាលាអាជីព៕PB
ADS HERE !!!