ក្រុងប៉េកាំងៈ តម្លៃភាគហ៊ុន Great Wall Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្ត SUV ធំជាងគេរបស់ប្រទេសចិនបានកើនឡើងខ្លាំងនៅក្នុងការជួញដូរនៅទីក្រុងហុងកុងបន្ទាប់ពីការប្រកាសថាខ្លួននឹងបន្តការលក់រថយន្ត SUV មានតម្លៃខ្ពស់នៅខែមេសា។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Great Wall កើនឡើង ៣,៤ ភាគរយ ដល់ ៥០,៩៥ ដុល្លារហុងកុងនៅពេលបិទការជួញដូរដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីក្រុមហ៊ុនបានឡើងផ្សារហ៊ុន កាលពីឆ្នាំ ២០០៣ ខណៈដែលតម្លៃគោលក្រុមហ៊ុន Hang Seng Index នៅហុងកុងកើន ០,៥ ភាគរយ។ តម្លៃភាគហ៊ុនដែលបានជួញដូរនៅទីក្រុងស៊ាងហៃរបស់ខ្លួនបានកើនឡើង ៥,៧ ភាគរយ។
បន្ទាប់ពីការផ្អាកពីរដងក្នុងការលក់រថយន្ត SUV តម្លៃខ្ពស់បំផុតរបស់ខ្លួន រថយន្តម៉ូដែល H8 ការកែលម្អបញ្ហាខាងគុណភាព ក្រុមហ៊ុននេះបានឲ្យដឹងកាលពីសប្ដាហ៍មុនថា ខ្លួននឹងបង្ហាញវានៅក្នុងការតាំងពិព័រណ៍រថយន្តនៅទីក្រុងស៊ាងហៃ និងបន្តលក់ទូទាំងប្រទេសនៅខែមេសា។
ភាគហ៊ុនក្រុមហ៊ុន Great Wall បានបង្ហាញពីការកើនឡើងប្រចាំឆ្នាំតិចតួចបំផុតកាលពីឆ្នាំមុនចាប់តាំងពីឆ្នាំ២០០៨ បន្ទាប់ពីការពន្យារពេលបានធ្វើឲ្យខូចដល់ទំនុកចិត្តនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការឆ្ពោះទៅមុខលើសពីការផលិតរថយន្តមានតម្លៃទាប។
ក្រុមហ៊ុនផលិតរថយន្តនេះបានផ្អាកការចែកចាយរថយន្ត H8 កាលពីខែឧសភាមុនបន្ទាប់ពីអតិថិជនបានរាយការណ៍ថាឮ «សំឡេងគោះ» ពេលកំពុងបើកបរនៅក្នុងល្បឿនលឿន។
ក្រុមហ៊ុនបានឲ្យដឹងថា ការលក់នឹងចាប់ផ្ដើមឡើងវិញបន្ទាប់ពីរថយន្តឆ្លើយតបបានតាម«ស្ដង់ដារខ្ពស់»។
ប៉ុន្តែរថយន្តនេះក៏ត្រូវបានពន្យារពេលជាថ្មី កាលពីខែ មករា ឆ្នាំនេះ៕ PB
ADS HERE !!!