ក្រុងរីយ៉ាដៈ រដ្ឋមន្ដ្រីប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតថ្លែងថា ក្រុមប្រទេសផលិតប្រេងនៅក្រៅអង្គការប្រទេសនាំចេញប្រេង (OPEC) ត្រូវសហការដើម្បីជំរុញតម្លៃប្រេងឆៅដែលកំពុងធ្លាក់ចុះ ព្រោះ OPEC មិនអាចទទួលខុសត្រូវតែម្នាក់ឯងទេ។
លោក Ali al-Naimi បានលើកឡើងក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទដែលស្រង់សម្ដីដោយភ្នាក់ងារសារព័ត៌មានសាអ៊ូឌីត (SPA) ថា៖ «យើងមិនទទួលខុសត្រូវតែម្នាក់ឯងទេ ដោយសារ OPEC ផលិត៣០ភាគរយនៃទិន្នផលលើទីផ្សារ ហើយ៧០ភាគរយចេញពីខាងក្រៅ»។
តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល៦០ភាគរយនៅចន្លោះពីខែមិថុនាដល់ខែកុម្ភៈ ដែលបានធ្លាក់ចុះដោយការផ្គត់ផ្គង់របស់ពិភពលោកលើសតម្រូវការ និងការបារម្ភអំពីតម្រូវការនៅទ្រឹង។ ការធ្លាក់ចុះនេះកាន់តែខ្លាំងទៅកាលពីខែវិច្ឆិកានៅពេល OPEC បដិសេធកាត់បន្ថយការផលិតដោយលើកឡើងថាចង់រក្សាចំណែកទីផ្សារ។
អង្គការដែលមានសមាជិក១២ប្រទេសនេះនាំមុខដោយអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសផលិតឈានមុខគេ ដែលបូមប្រេងប្រហែល១ភាគ៣នៃប្រេងរបស់ពិភពលោក ប៉ុន្តែប្រទេសផលិតធំៗផ្សេងទៀតដូចជាប្រទេសរុស្ស៊ី មិនជាប់ពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់ខ្លួនទេ។
នៅពេលត្រូវបានសួរថាតើ OPEC នឹងមានបំណងធ្វើការងារជាមួយប្រទេសមិនមែនជាសមាជិកឬទេ លោក Naimi បានបញ្ជាក់ថា ការធ្លាក់ចុះកាលពីឆ្នាំ១៩៩៨ នៅពេល OPEC បានសហការជាមួយបណ្ដាប្រទេសផលិតផ្សេងទៀតដើម្បីកាត់បន្ថយទិន្នផល និងគាំទ្រដល់តម្លៃប្រេង។ លោក Naimi បានថ្លែងថា៖
«បច្ចុប្បន្ន ស្ថានការណ៍មានការពិបាក។ យើងបានព្យាយាមជួបជាមួយពួកគេ ប៉ុន្តែមិនទទួលបានជោគជ័យទេដោយសារតែពួកគេបញ្ជាក់ថា OPEC គួរតែទទួលខុសត្រូវរឿងនេះតែម្នាក់ឯង»។
រដ្ឋមន្ដ្រីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានថ្លែងថា៖ «ទាំងអស់គ្នាត្រូវតែរួមចំណែកប្រសិនបើយើងចង់ធ្វើឲ្យតម្លៃល្អប្រសើរឡើងដោយសារតែវាកំពុងស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំងអស់»។
តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរអាស៊ីកាលពីថ្ងៃចន្ទជាមួយនឹងតម្លៃប្រេងគោល West Texas Intermediate អាមេរិកសម្រាប់ការចែកចាយនៅខែឧសភាបានធ្លាក់ចុះ៦៥សេន ក្នុងតម្លៃ៤៥,៩២ដុល្លារអាមេរិក ហើយតម្លៃប្រេង Brent បានធ្លាក់ចុះមកនៅត្រឹម៥៤,៧៤ដុល្លារ។
សារព័ត៌មាន Bloomberg News បានដកស្រង់សម្ដីលោក Naimi ដោយលើកឡើងថា ប្រទេសលោកកំពុងផលិតប្រេងឆៅជិត១០លានបារ៉ែលក្នុងមួយថ្ងៃ។ តាម Bloomberg ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបូមប្រេង៩,៨៥លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ៕ PB